Type to search

ផ្សេងៗ

មនុស្សយើងត្រូវចេះជួយគ្នាទៅវិញទៅមក​

Share

កាលនោះ​ មានស្រមោចមួយក្បាលបានធ្លាក់ចូលក្នុងទឹកគួចហូរនាំយកទៅ។ វាខំប្រឹងហែលមករកច្រាំងវិញ​ តែមិនអាចមកដល់បាន​ ក៏ស្រែកហៅឲ្យគេជួយ។ ចៃដន្យមានដំរីមួយនៅក្បែរនោះ​ វាអាណិតអាសូរស្រមោចណាស់​ ក៏កាច់មែកឈើឲ្យស្រមោចតោងជាប់រស់រួចជីវិតទៅ។

នៅពេលមួយក្រោយមកទៅ​ ដំរីកំពុងឆរស៊ីស្លឹកឈើយ៉ាងរីករាយ​ មានព្រានព្រៃម្នាក់កំពុងលើកកាំភ្លើង​ តម្រង់បម្រុងបាញ់ដំរី។ ស្រមោចឃើញ​ វាមកខាំព្រាននោះភ្លាម។ ព្រានភ្ញាក់ព្រើតភ្លាម​ គ្រាប់កាំភ្លើងបាញ់ចេញទៅ​ មិនបានត្រូវដំរីទេ​ វាផ្អើលរត់ចូលព្រៃជ្រៅបាត់ទៅ។ ឯស្រមោចបានរត់គេចខ្លួនបាត់ដែរ។

ចាប់តាំងពីពេលនោះមក​ សត្វទាំងពីរបានរាប់អានគ្នាជាមិត្តសម្លាញ់រៀងរហូតមក៕

ការរស់នៅក្នុងសង្គម​ ទោះតូច​ ឬធំក្ដី​ តែងមានការពឹងពាក់​ និងជួយសង្គ្រោះទៅវិញទៅមក​ ព្រោះមនុស្សម្នាក់ៗ​ មិនអាចមានសំណាងល្អគ្រប់ពេលវេលាបានទេ​ ហើយមិនអាចធ្វើអ្វីៗ​ បានតែម្នាក់ឯងដែរ។ ពេលខ្លះយើងបានធ្វើល្អដាក់មនុស្សម្នាក់​ រួចក៏ភ្លេចគេបាត់ទៅ។ តែថ្ងៃណាមួយ​ យើងមានបញ្ហាអ្វីមួយកើតឡើងគឺមនុស្សនោះឯងដែលបានជួយយើងវិញ។ មិនចង់បានន័យថាធ្វើល្អដើម្បីឲ្យគេសងគុណ​ តែនៅពេលគេមានគុណមកលើយើង​ យើងមិនគួរភ្លេចទេ។ នេះប្រហែលជាច្បាប់ធម្មជាតិហើយ​ ដែលមនុស្សតែងធ្វើល្អដាក់គ្នាទៅវិញទៅមក។

ជីវិតមានបីដំណាក់កាលគឺ

  1. ដំណាក់កាលអាស្រ័យ​ (ពឹងពាក់លើគេ)
  2. ដំណាក់កាលពឹងពាក់លើខ្លួនឯង
  3. ដំណាក់កាលពឹងពាក់គ្នាទៅវិញទៅមក

ដកស្រង់ចេញពីសៀវភៅ៖​ ខួរក្បាលខ្មែរទម្ងន់ប៉ុន្មាន?

Facebook Comments