Type to search

ចំនេះដឹង ប្រវត្តិសាស្ត្រខ្មែរ

ពិធីបុណ្យ អុំទូក អក​អំបុក សំពះ​ព្រះ​ខែ​បណ្ដែតប្រទីប

Share

ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់ថា​នៅ ” ថ្ងៃទី ១៤-១៥ កើត​ខែអស្សុជ និង ១ រោជ​ខែ​ក​ក្ដិក ” ពិធី​អុំទូក អក​អំបុក បណ្ដែតប្រទីប ជា​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយបានប្រារព្ធឡើង។ បុណ្យនេះមាន​ដើមកំណើត​តាំងពី​បុរាណកាល​មក ដែល​យើងឃើញមានការ​ចែង​ទុក​ក្នុង​ឯកសារ​ជាតិ និង អន្តរជាតិ ឬ​ តាម​សិលាចារឹក នៃ​ប្រាសាទ​នានាជាដើម ។​

​ពិធី​បុណ្យ រីកចម្រើន​យ៉ាង​ខ្លាំង​នៅក្នុង​សង្គម​ខ្មែរ នា​សម័យអង្គរ ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ (សតវត្សរ៍​ទី ១២) និង​ សម័យ​លង្វែក​នា​ពុទ្ធ​សករាជ ២០៧១ គ្រិស្ត​សករាជ ១៥២៨ ក្នុង​រាជ​ព្រះបាទ​អង្គ​ច័ន្ទ​ទី១។

ហេតុដែលសម័យទាំងពីរនោះមានការរីកចម្រើន ​ពីព្រោះ ៖

​១​. នៅ​សម័យ​អង្គរ​សត​វ​ត្សរ៍​ទី១២ ក្រុង​កម្ពុជា​មាន​សេចក្ដីសុខ​សប្បាយ​ក្សេមក្សាន្ត រុងរឿង​ណាស់។​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ បាន​ចេញ​ធ្វើសង្គ្រាម​ជើង​ទឹក​បង្ក្រាប​ជាតិ បរទេស​ចាម ដោយ​ប្រើកងទ័ព​ទូករំ​ដោះ​ក្រុង​កម្ពុជា ឲ្យ​រួចផុត​ពី​កណ្ដាប់ដៃ​ខ្មាំងសត្រូវ ។ រឿង​ចម្បាំង​ទាំងអស់នាគ្រិស្ត​សករាជ ១១៧៧-១១៨១​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​ទុក​នៅ​លើជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ដែល​មាន​រូប​ព្រះ​ឆាយា លក្ខណ៍​នៃ​ព្រះបាទជ័យវរ្ម័ន​ទី៧ ​ទ្រង់​ឈរ​លើ​នាវាចម្បាំង ​កាន់​ធ្នូរ​ដំបង អមដោយ​កងទ័ព​យ៉ាងច្រើន​មហិមា ។​

​២​. តាម​ឯកសារ​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់ និពន្ធ​ដោយ ថា​ប់ ប៉ែន បាន សរសេរថា សម័យ​លង្វែក ព​.​ស ២០៧១ គ​.​ស ១៥២៨ ព្រះបាទ​អង្គ​ច័ន្ទ​ទី ១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​សិទ្ធ​ភូបាល ជា​ស្ដេច​នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់ ឲ្យ​រៀបចំ​កងទ័ព ជើងទឹក​ចែកចេញជា​បី​ក្រុម ។​

​ក្រុមទី ១ : គឺ​កងទ័ព​ស្រួច​ហាត់​ច្បាំង​ដោយ​ទូក​កង​

​ក្រុមទី ២ : គឺជា​កងទ័ព​ជំនួយ​ហាត់​ច្បាំង​ដោយ​ទូក​ចែវ​ពីរ​ជួរ​

​ក្រុមទី ៣ : គឺជា​ទ័ព​បាសាក់ ជា​ទូក​ធំ​មាន​ដំបូល១កាត់ មាន​ក្ដោង​ដូចជា​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព ។​

​៣​. តាម​ឯកសារ​មហា​បុរស​ខ្មែរ ព​.​ស ២៤០៤ គ​.​ស ១៨៦០ បានចែង​ថា ព្រះបាទ នរោត្ដម ត្រាស់​បង្គាប់​មន្ត្រីរាជកា​រ​រៀបចំ​ពិធី​បុណ្យ​ទ្វាទស​មាស ។ ស្ដេច​គង់នៅ​ព្រះរាជ ដំណាក់​ផែ​ទត​ទូក ទូក​មួង ទូក​ចែវ ដែល​អុំ​ប្រណាំ​ងថ្វាយផ្ដាច់ព្រ័ត្រ​ក្នុង​ពេល​ចេញ​វស្សា និង​ជាដង្វាយ​ដល់​ព្រះច័ន្ទ ព្រមទាំង​បណ្ដែតប្រទីប​ថ្វាយ​ដល់​ព្រះ​ចង្កូម​កែវ ។​

ក. ពិធី​បុណ្យ​អុំទូក

Credit Photo: freshnewsasia

​​បុព្វបុរស​ខ្មែរ​យើង ដែល​រក្សាបាន​នូវ​បូរណ​ភាព​ទឹកដី​ បង្ក្រាបបាន​រាល់​សង្គ្រាម​ឈ្លាន ពាន​នៃ​បច្ចាមិត្រ ដែល​មាន​បំណង​ដណ្ដើម​យក​នូវ​សម្បត្តិ​ជាតិ ដូនតា​យើង​មាន​កងទ័ព​ជាច្រើន​ផ្នែក​ ពិសេស​គឺ​កងទ័ពជើងទឹក​នេះឯង ។ ​ពិធី​អុំទូក​ជា​ពិធី​មួយ​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​នៃ​ការរៀបចំ​ក្បួន​សមយុទ្ធ​កងទ័ពជើងទឹក​របស់​ខ្មែរ​បុរាណ ដែល​ពី​ដើម​គេ​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១៤-១៥ កើត និង ១ រោច​ខែ​អស្សុជ រៀងរាល់ឆ្នាំ ។​ ​ម្យ៉ាងទៀត​ដោយ​មាន​ការដឹងគុណ ដល់​ទឹកដី​ដែល​យើង​គ្រប់​គ្នា​បាន​រស់នៅ​សុខ សាន្ត​នេះ ពិធីនេះប្រារព្ធឡើងដើម្បី​ជា​ដង្វាយ​ដល់​ព្រះ​គង្គា​ និង​ព្រះធរណី ។​

ខ. ពិធី​អកអំបុក ​សំពះ​ព្រះ​ខែ

Credit Photo: kbn.news

​បុណ្យប្រពៃណី​អកអំបុក សំពះ​ព្រះ​ខែ មាន​ប្រវត្តិ​ជាប់ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង ។ ពិធី​នេះ​ប្រហែល​ជា​រីកចម្រើន​ដំណាលគ្នា​នឹង​បុណ្យអុំទូក​បណ្ដែតប្រទីប​ដែរ ។​

​តាម​គម្ពីរ បរមត្ថ​ទីប​នី អដ្ឋកថា ​ចរិយា​បិដក​(ភាសាបាលី​)ចែងថា ក្នុង​ដើម​ភទ្ទកប្ប​នេះ ព្រះ​បរម​ពោ​ធិសត្វ​នៃ​យើង​ទ្រង់​យោនយកកំណើត​ជា​ទន្សាយ​ពោធិ​សត្វ ។ វេលា​ខែ​ពេញ​បរ​មី​មួយ​ ទន្សាយ​ពោធិសត្វ​បាន​អធិដ្ឋាន ឧបោសថ​សីល ហើយ​ឧទ្ទិស​មំ​សៈ (សាច់) ជាទាន​បរមត្ថ​បារមី​ដើម្បីបំ​ពេញ​សម្មា​សម្ពោធិញាណ​ឲ្យបាន​ត្រា​ស់​ជា​ព្រះពុទ្ធ ។ ព្រះឥន្ទ​ទ្រង់​ដឹង​ពី​ហេតុការណ៍​នោះ ទ្រង់​កាឡា​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​ម្នាក់​មក​សុំ​មំសៈ របស់​ទន្សាយ​ពោធិសត្វ​ធ្វើជា​អាហារ ។ ទន្សាយ​​ពោធិសត្វ​បាន​ឲ្យ​ព្រាហ្មណ៍នោះ​បង្កាត់ភ្លើង​ឆេះ​យ៉ាង​សន្ធោរសន្ធៅ ។ ទន្សាយ​ពោធិសត្វ​ក៏​រលាស់​ខ្លួន​ឡើង​បី​ដង ដើម្បី​ឲ្យ​សត្វល្អិ​តដែល​ជាប់​និង​រោម​ជ្រុះ​ចេញរួច​ក៏​លោត​ចូល​ក្នុង​ភ្លើង​ភ្លាម ភ្លើង​នោះ​ប្រែជា​ពុំ​ឆេះ​សន្ធោរសន្ធៅ​ដូច​មុន​ឡើយ ឃើញ​ដូច្នេះ ព្រះឥន្ទ្រ​ព្រាហ្មណ៍​ក៏​ស្ទុះ​ទៅ​ព​រយក​ទន្សាយ​ពោធិសត្វ​ឡើង​ទៅ​ដល់​មណ្ឌល​ព្រះ​ច័ន្ទ ហើយ​ទ្រង់​ក៏​យក​ម្នាងសិលា​គូររូប​ទន្សាយ​ពោធិសត្វ ហើយ​ឥន្ទ្រ​ព្រាហ្មណ៍​អធិដ្ឋាន​ថា សូម​ឲ្យ​រូប​ទន្សាយ​ពោធិសត្វ​ដែល​យើងខ្ញុំ​គូរនេះ​នៅ​ជាប់​រហូត​ដល់​ទីបំផុត​ក​ប្ប ។​

​ដោយ​អនុភាព​ទាន​បរមត្ថ​បារមី​នៃ​ព្រះ​ពោធិសត្វ​ផង និង​សេចក្ដី​អធិដ្ឋាន​របស់​ឥន្ទ្រ​ព្រាហ្មណ៍​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​មណ្ឌលព្រះច័ន្ទ​ជា​ដរាប​រហូត​ដល់​សព្វ​ថ្ងៃ ។​

​ពិធីបុណ្យ​នេះ​រីក​ចម្រើន​នៅ​ក្នុង​សង្គម​ខ្មែរ ពីព្រោះ​ឥទ្ធិពល​នៃ​ព្រះពុទ្ធសាសនា​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ព្រលឹង​របស់​ប្រជាជាតិ​ទាំងមូល ដែល​តែងតែ​គោរពបូជា​ដល់​ព្រះសម្មាសម្ពុទ្ធ​ជា​អម្ចាស់ ពិសេស​គឺ​ព្រះ​ពោធិសត្វ​ដែល​យោនយកកំណើត​ជា​ទន្សាយ​បាន​ផ្ដិតរូប​ព្រះ​ឆាយយាលក្ខណ៍​របស់​ព្រះអង្គ​និង​លោក​ខែ ដើម្បី​បាន​បំភ្លឺ​សត្វលោក​តរៀង​ទៅ ។​

គ. អត្ថន័យ​និង​ខ្លឹមសារ ពិធី​អកអំបុក សំពះ​ព្រះ​ខែ

+ ធ្វើសក្ការៈបូជា​ចំពោះ​ទន្សាយ​ព្រះ​ពោធិ​សត្វ​ដែលរូប​ព្រះ​ឆាយាលក្ខណ៍រ​បស់​ព្រះអង្គ​ផ្ដិត​ជាប់​នឹងព្រះខែ ដើម្បី​បំភ្លឺ​សត្វលោក​រៀងមក ។​

+ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិ​សត្វ នូវ​ផល្លានុផល ដែល​ជា​ចំណី​របស់​ព្រះអង្គ​ ក្នុង​វេលា​យប់​ពេញ​បូរមី​នៃ​ខែ​កក្ដិក ជា​ពេល​ព្រះ​ខែលេច​រូបរាង​ច្បាស់។ហេតុនេះគេក៏​ថ្វាយ​ត្រាវ ដំឡូង ដូង ចេក អំ​បុក ៘​ជាចំណី ទន្សាយពោធិសត្វ។

+ ដើម្បី​អបអរសាទរ​នូវ​ទិន្នផល ដែល​បានមកពី​ការបង្កបង្កើន​ផល​របស់​ប្រជាជាតិ​កម្ពុជា។ប្រជាជនបានខិតខំ​ធ្វើ​ពលកម្ម​យ៉ាងខ្លាំង​តាំង​ពី​រដូវភ្លៀង​ធ្លាក់​កន្លងមក​។ជា​សញ្ញា​ប្រាប់​ថា​រដូវ​ស្រូវ​ទុំ ព្រមទាំង​ផល្លានុផល​ទាំងឡាយ​បាន​មក​ដល់​ហើយ ។

ពិធី​បណ្ដែត​ប្រទីបជា​បុណ្យ​ប្រពៃណី​ជាតិ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​វេលា​យប់​ថ្ងៃ​ទី ១៤-១៥ កើត និង ១រោច ខែ​ក​ក្ដិក ភ្ជាប់​នឹង​ពិធី​បុណ្យ​អុំទូក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ថ្ងៃ​មាន កំណើត​ដំណាលគ្នា​នឹង​ពិធី​អុំទូក​ដែលរីកចម្រើន​នៅក្នុង​សង្គម​ខ្មែរ​តាំងពី​សម័យអង្គ​រ ដែរ ។

ចំណែកពិធី​បណ្ដែតប្រទីប​មាន​ប្រវត្តិ​យ៉ាង​ជិតស្និទ្ធ​នឹង​ព្រះពុទ្ធសាសនា ហើយក៏​មាន​ជាប់​ឥទ្ធិពល​ព្រាហ្មញ្ញសាសនា​ដែលប្រតិបត្តិ​វិធី​អគ្គិ​ហោត្រ ឬ​ហោមពិធី ដោយការ​អុជ​ទៀនធូប​ប្រទីប​ជ្វាលា ដើម្បី​បូជា​ដល់ អាទិទេព ។ តាម​គម្ពី​រទាស​វង្ស(​ភាសាបាលី​)មាន​ចែង​ថា ព្រះ​ចង្កូម​កែវ​ទាំង​បួន​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រតិ​ស្ថាន​នៅ​ទី​ទាំង​បួន​គឺ : នៅ​ត្រៃ​ត្រឹងសួគ៌ (១)  នៅ​ពិភពនាគ (១) នៅ​ស្រុក​គន្ធា​រ (១) និង​នៅ​ទន្ត​បុរៈ (​កលិង្គ​រដ្ឋ​) ១។

ឃ. អត្ថន័យ​និង​ខ្លឹមសារ​ពិធី​បណ្ដែតប្រទី​ប​

Credit Photo: cambodiaexpatsonline

Credit Photo: alisinincambodia

+ ពិធី​បណ្ដែតប្រទីប​ជា​ពិធីបុណ្យ​ទាក់ទង​ទៅ​នឹង​សាសនា ជា​បុណ្យ​ប្រពៃណី​របស់​ខ្មែរ បញ្ជាក់​នូវ​ទឹកចិត្តមនោ​សញ្ចេ​ត​នា​ស្នេហា​និង​គោរព​ដឹងគុណ​ដល់​សម្មា​សម្ពុទ្ធ​គឺ​ព្រះ​ចង្កូម​កែវ​ប្រតិ​ស្ថាន​នៅ​ពិភពនាគ​, ព្រមទាំង​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ​ប្រតិ​ស្ថាន​នៅ​ស្ទឹង​នម្ម​ទា និង​កន្លែង​ដទៃទៀត ។​

+ ដឹង​គុណ​ដល់​ព្រះ​គង្គារ និង​ព្រះ​ធរ​ណី ដែល​បាន​ផ្ដល់​នូវ​ជីវភាព​រស់នៅ​របស់​ប្រជា ជាតិកម្ពុជា​យ៉ាង​រុងរឿង​ប្រកបដោយ​សុខុមាលភាព។​

+ ដើម្បី​សម្ដែង​មនោសញ្ចេតនាដឹងគុណ​ចំពោះ​ទន្លេមេគង្គ​ និង​ទន្លេសាប ដែល​ផ្ដល់​ជីរជាតិ យ៉ាង​សំខាន់​សម្រាប់​បម្រើ​វិ​ស័យកសិកម្ម។

Facebook Comments