Type to search

ចំនេះដឹង ប្រវត្តិសាស្ត្រខ្មែរ

ព្រះរាជាណាចកម្ពុជាទី២ (១៩៩៣-បច្ចុប្បន្ន)

Share

I. របបគ្រប់គ្រងថ្មី

១. ការបោះឆ្នោត

ការបោះឆ្នោតជាសកល និង​ ដោយសេរីត្រូវបានរៀបចំឡើងដោយអ៊ុនតាក់។ ការបោះឆ្នោតមានគណបក្សចំនួន២០ ចូលរូម ប៉ុន្ដែខ្មែរក្រហមបានធ្វើពហិកា មិនចូលរួមក្នុងការបោះឆ្នោតនេះ។ ដូច្នេះអសន្តិសុខនៅមានទូទាំងប្រទេស។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ​១៩៩៣ ដែលបានលទ្ធផលដូចតទៅ៖

  • គណបក្សហ៊្វុនស៊ុនប៉ិច (សម្ដេចនរោត្តមរណឬទ្ធិ)ទទួលបាន៥៨ អាសនៈ
  • គណបក្សប្រជាជនកម្ពុជា (អតីតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា)ទទួលបាន៥១អាសនៈ
  • គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (លោកតាសឺន សាន) ទទួលបាន១០អាសនៈ
  • គណបក្សម៉ូលីណាកា និង អ្នកតស៊ូខ្មែរទទួលបាន១អាសនៈ

២. ការបង្កើតរាជរដ្ឋាភិបាលថ្មី

ក្រោយពីការបោះឆ្នោត សភាធម្មនុញ្ញបានរៀបចំតាក់តែងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានអនុម័តនាថ្ងៃទី២១ កញ្ញា ១៩៩៣ និង ត្រូវបានប្រកាសអោយប្រើជាផ្លូវការនៅថ្ងៃទី២៤ កញ្ញា ១៩៩៣។

ផ្អែកលើរដ្ឋធម្មនុញ្ញ៖

  • ប្រទេសកម្ពុជាបានក្លាយជាព្រះរាជាណាចក្រកម្ពុជា ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង អាស្រ័យរដ្ឋធម្មនុញ្ញ
  • ព្រះបាទនរោត្តម សីហនុ បានឡើងសោយរាជ្យជាលើកទី២ (១៩៩៣-២០០៤)
  • រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋាភិបាលចម្រុះបានកើតឡើងបន្ទាប់ពីមានការសម្របសម្រួលនយោបាយរវាងគណបក្សហ៊្វុនស៊ុនប៉ិច និង គណបក្សប្រជាជនកម្ពុជា។ ព្រះបាទនរោត្តម សីហនុ បានតែងតាំងនាយករដ្ឋមន្ត្រីពីររូប គឺ សម្ដេចនរោត្តម រណឬទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និង សម្ដេច​ ហ៊ុន សែន ជានាយកដ្ឋមន្ត្រីទី២
  • អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិ (អ៊ុនតាក់) បានបញ្ចប់បេសកកម្ម។

II. ការកសាងសន្តិភាពពិតប្រាកដ

របបថ្មីនៃប្រទេសកម្ពុជាមានការទួលស្គាល់ជាផ្លូវការពីប្រទេសនានាលើសកលលោក ក៏ប៉ុន្តែកម្ពុជានៅមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ។ ពួកខ្មែរក្រហមដែលកាន់កាប់តំបន់មួយភាគធំតាមព្រំដែនខ្មែរ ថៃ នៅប៉ែកខាងជើង និង ប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា មិនព្រមចូលរួមក្នុងការបោះឆ្នោត និង នៅតែបន្ដគំរាមកំហែងសន្តិសុខជាតិ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៤ សភាជាតិបានសម្រេចដាក់ពួកខ្មែរក្រហមអោយនៅក្រៅច្បាប់។

១. អសន្តិសុខ និង អស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា

ចាប់ពីឆ្នាំ១៩៩៤មក គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចចាប់ផ្ដើមមានភាពរង្គោះរង្គើរ។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពនយោបាយកាន់តែតានតឹងឡើងៗ។ ឆ្លៀតឳកាសនោះ ពួកខ្មែរក្រហមបានបង្កវិនាសកម្ម និង សង្គ្រាមប្រឆាំងនិងរាជរដ្ឋាភិបាលដែលបណ្ដាលអោយខូតខាតទ្រព្យសម្បត្តិ និង ​អាយុជីវិតប្រជាជនយ៉ាងច្រើន។

ដើម្បីសន្តិសុខ និង ការរួបរួមមួយដ៏ពិតប្រាកដ រាជរដ្ឋភិបាលនៅតែបន្ដចរចារជាមួយពួកខ្មែរក្រហមតាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន។ នៅថ្ងទី៨ សីហា ១៩៩៦ អៀង សារី បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយប៉ុល ពត និង ​ចុះចូលជាមួយរាជរដ្ឋាភិបាល និង ស្នើរសុំការលើកលែងទោសពីសំណាក់ព្រះបាទនរោត្តម សីហនុ។

នៅពាកកណ្ដាលឆ្នាំ១៩៩៧ គណបក្សហ៊្វុនស៊ុនប៉ិច​បានបន្ដចរចារជាមួយក្រុមខ្មែរក្រហមដែលដឹកនាំដោយតាម៉ុក និង ខៀវ សំផន នៅអន្លងវែង។ ស្របពេលជាមួយគ្នានោះ ពួកខ្មែរក្រហមកំពុងតែបែកបាក់គ្នា។ ដោយលែងទុកចិត្តសហការីរបស់ខ្លួន ប៉ុល ពតបានចុះចូលជាមួយគណបក្សហ៊្វុនស៊ុនប៉ិច។

នៅថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ មានព្រឹត្តិការណ៍ផ្ទុះអាវុធប្រយុទ្ធគ្នារវាងកងទ័ពកងកម្លាំងស្មោះត្រង់និងគណបក្សហ៊្វុនស៊ិប៉ិច និង គណបក្សប្រជាជននៅទីក្រុងភ្នំពេញ។ ជាលទ្ធផល៖

  • នៅទីក្រុងត្រូវបានរៀបចំអោយមានសណ្ដាប់ធ្នាប់ និង សន្តិសុខឡើងវិញ
  • មន្ត្រី និង ទាហានដែលស្មោះត្រង់និងសម្ដេចក្រុមព្រះ បានភៀសខ្លួនទៅអូស្មាច់ ដើម្បីបន្ដការប្រយុទ្ធពីជាយដែនប្រឆាំងនិងកងទ័ពរាជរដ្ឋាភិបាល
  • ឯកឧត្តម អ៊ឹង ហួត ដែលមកពីគណបក្សហ៊្វុនស៊ុនប៉ិចជាអ្នកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី១ ជំនួសសម្ដេចក្រុមព្រះ ដើម្បីបន្តការងារក្នុងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចហ៊ុន សែនជានាយករដ្ឋមន្ត្រីទី២។

នៅខែមេសា ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ដោយសារជំងឺគាំងបេះដូង។ ពួកខ្មែរក្រហមក៏ចាប់ផ្ដើមបែកបាក់គ្នា។ ក្រុមខ្មែរក្រហមដែលនៅសេសសល់ ជាពិសេសក្រុមខ្មែរក្រហមដែលនៅអន្លងវែងបានចុះចូលជាបន្តបន្ទាប់។

២. ការបោះឆ្នោតឆ្នាំ១៩៩៨ និង អណត្តិបន្ទាប់

នៅថ្ងៃទី២៦ កក្កដា​ ឆ្នាំ​១៩៩៨ ការបោះឆ្នោតជាតិលើកទី២បានដំណើរការតាមការគ្រោងទុកដោយមានវត្តមានរបស់សម្ដេចក្រុមព្រះ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយទទួលបាន៦៤អាសនៈក្នុងរដ្ឋសភា រីឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៤៣អាសនៈ។

តាមរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលត្រូវជ្រើសតាំងដោយសំលេងគាំទ្រពីរភាគបីនៃចំនួនតំណាងរាស្ត្រ។ កត្តានេះបានជំរុញអោយមានកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និង​ គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបង្កើតរាជរដ្ឋាភិបាលមួយរួមគ្នា។ សម្ដេចក្រុមព្រះ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា សម្ដេច ជា​ ស៊ីម ជាប្រធានព្រឹទ្ធសភា និង ​សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

នៅចុងឆ្នាំ១៩៩៨ និង ដើមឆ្នាំ១៩៩៩ ក្រុមខ្មែរក្រហមបានធ្វើសមាហរណកម្មទាំងស្រុងជាមួយរាជរដ្ឋាភិបាល។ កម្ពុជាបានទទួលនូវសន្តិភាពពេញលេញបន្ទាប់ពីការអនុវត្តនូវគោលនយោបាយឈ្នះៗរបស់សម្ដេច ហ៊ុន សែន។

ក្នុងការបោះឆ្នោតជាតិលើកទី៣ (២០០៣) លើកទី៤ (២០០៨) និង លើកទី៥ (២០១៣) គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាបន្តបន្ទាប់។ សម្ដេច​ហ៊ុន សែន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរហូតមក។

III. ការអភិវឌ្ឈប្រទេស

នៅក្នុងការអភិវឌ្ឈប្រទេស រាជរដ្ឋាភិបាលមានទិសដៅ និង ផែនការច្បាស់លាស់។ យុទ្ធសាស្ត្រពីរដែលរដ្ឋាភិបាលបាន និងកំពុងធ្វើគឺយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ

១. យុទ្ធសាស្ត្រត្រីកោណ

ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយុទ្ធសាស្ត្រត្រីកោណដែលមានទិសដៅជំរុញការអភិវឌ្ឈប្រកបដោយចីរភាពនៅកម្ពុជា៖

មុំទីមួយ៖ សន្តិភាវូបនីយកម្ម គឺការនាំសុខសន្តិភាពស្ថិរភាពមកវិញ និង រក្សាបាននូវសន្តិភាពសម្រាប់ប្រទេស​និង ប្រជាជនខ្លួន។ ចំណុចនេះរាជរដ្ឋាភិបាលធ្វើបានសម្រេចហើយ។

មុំទីពីរ៖ សមាហរណកម្មប្រទេសកម្ពុជាចូលក្នុងតំបន់ និង សហគមន៍អន្តរជាតិ សម្រេចបានជោគជ័យដូចជា៖

  • ប្រទេសកម្ពុជាបានទទួលអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិមកវិញដែលអាសនៈនេះបានបាត់បង់ក្រោយការប្រឈមគ្នាខាងប្រដាប់អាវុធនៅខែកក្កដា ឆ្នាំ១៩៩៧។
  • នៅឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេហ៍ (អាស៊ាន) ការដែលកម្ពុជាបានចូលជាសមាជិកអាស៊ានបានធ្វើអោយកម្ពុជាលែងជាប្រទេសឯកោ តទៅទៀត។
  • ខាងផ្នែកនយោបាយ កម្ពុជាអាចឈរស្មើរមុខស្មើរមាត់ជាមួយប្រទេសដែលជាសមាជិក និង ចូលរួមនូវរាល់ការសម្រេចចិត្តនៅក្នុងតបន់។
  • ខាងផ្នែកសេដ្ឋកិច្ច កម្ពុជាបានក្លាយជាកន្លែងវិនិយោគទុនដ៏ទាក់ទាញ។ ការធ្វើពានិជ្ជកម្មក៏មានភាពងាយស្រួលជាងមុន។ ប្រជាជនអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងប្រទេស និង ក្នុងតំបន់។ ទេសចរណ៍ក៏មានការកើនឡើង។ ដូច្នេះការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជំរុញអោយសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរ។
  • ខាងផ្នែកទំនាក់ទំនង គឺជម្រុញអោយមានការកសាងហេដ្ឋារចនាសម្ពន្ធ និង ផ្លូវថ្នល់ ព្រមទាំងការលើកលែងទិដ្ឋាការ។
  • ខាងផ្នែកសង្គម កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាព និង សន្តិសុខសង្គម ទប់ស្កាត់ការជួញដូរមនុស្ស ថ្នាំញៀន និង អំពើភេរវកម្ម។ ការជួយគ្នាទៅវិញទៅមករវាងប្រទេសសមាជិកតាមរយៈការផ្ទេរបទពិសោធន៍ ចំណេះដឹងអាហារូបករណ៍សម្រាប់និស្សិតបានធ្វើអោយមន្ត្រីរាជការ ប្រជាជន និង ​យុវជនកម្ពុជាបានរៀនសូត្រ និង ទទួលបាននូវឳកាសល្អៗជាច្រើន……..
  • នៅខែតុលា ឆ្នាំ២០០៤ កម្ពុជាបានចូលជាសមាជិកនៃអង្គការពានិជ្ជកម្មពិភពលោក។

មុំទីបី ការអភិវឌ្ឈសង្គមសេដ្ឋកិច្ច ត្រូវធ្វើឡើងតាមរយះកម្មវិធីកំណែទម្រង់ទូលំទូលាយដែលពាក់ព័ន្ធនិងកំណែទម្រង់សាធារណៈ វិមជ្ឈការ ការរំសាយកងទ័ព កំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការ សមភាពយ៉េនឌ័រ ហិរញ្ញវត្ថុសាធារណៈ ការលុបបំបាត់អំពើពុករលួយ និង ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព។

ជារួម យុទ្ធសាស្ត្រត្រីកោណ (១៩៩៨-២០០៣) ត្រូវបានអនុវត្តដោយជោគជ័យដូចមានក្នុងកំណើនសេដ្ឋកិច្ចខ្ពស់ការវិនិយោគកើនឡើង និង ការគ្រប់គ្រងបានប្រសើរជាងមុនខាងគោលនយោបាយរូបីយវត្ថុសារពើពន្ធ និង ហិរញ្ញវត្ថុសាធារណៈ ដែលជាលទ្ធផលនាំអោយមានអតិផរណាទាប ការកើនឡើងទុនបម្រុងអត្រាប្ដូរប្រាក់មានស្ថេរភាព ការកើនឡើងទុនពីបរទេស​កំណើនការវិនិយោគពីឯកជន និង ការអភិវឌ្ឈវិស័យឯកជនបានយ៉ាងលឿន។

២. យុទ្ធសាស្ត្រចតុកោណ

នៅក្នុងឆ្នាំ២០០៤ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារសមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា។ ចំណុចស្នូលនៃយុទ្ធសាស្ត្រនេះគឺអភិបាលកិច្ចល្អ។ ជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្រនេះគឺអាស្រ័យលើការបង្កើតនូវបរិកាសអំណោយផលមួយក្នុងផ្នែកខំខាន់ៗទាំងបួន៖

  • សន្តិភាព ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម
  • ភាពជាដៃគូសម្រាប់ការអភិវឌ្ឈ ជាពិសេសភាពជាដៃគូជាមួយវិស័យឯកជន សហគមន៍ ម្ចាស់ជំនួយ និង សង្គមស៊ីវិល
  • ស្ថិរភាពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  • សមាហរណកម្មកម្ពុជាចូលក្នុងតំបន់ និង ពិភពលោក

មុំទាំងបួននៃចតុកោណដែលផ្ដោតលើកំណែទម្រង់មាន៖

  • ការលុបបំបាត់បំបាត់អំពើពុករលួយ
  • កំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការ
  • កំណែទម្រង់រដ្ឋបាលសាធារណៈរួមទាំងវិមជ្ឈការ និង វិសហមជ្ឈការ
  • កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាពិសេសសហការកាត់រំសាយទ័ព

មុំទាំងបួននៃចតុកោណសម្រាប់ការបង្កើតកំណើនសេដ្ឋកិច្ចគឺ៖

  • ការជម្រុញវិស័យកសិកម្ម
  • ការអភិវឌ្ឈវិស័យឯកជន និង ការបង្កើតការងារ
  • ការស្ដារនិតិសម្បទា និង ការស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ
  • ការកសាងសមត្ថភាព និង ការអភិវឌ្ឈធនធានមនុស្ស

នៅខែតុលា ២០០៤ ព្រះបាទនរោត្តម សីហនុ បានសុំចូលនិវត្តន៍។ ព្រះបរមនាថនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជបល្ល័ង្ក ជ្រើសរើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបាទនរោត្តម សីហនុ បានសោយទីវង្គត់នៅថ្ងៃទី១៥ ខែតុលា ២០១២ និង មានបច្ឆាមរណនាមថា ព្រះបរមរតនកោដ្ឋ។

មកទល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើយុទ្ធាសាស្ត្រចតុកោណចំនួនបួនដំណាក់កាល៖

  • ដំណាក់កាលទី១ (២០០៤-២០០៨)
  • ដំណាក់កាលទី២ (២០០៨-២០១៨)
  • ដំណាក់កាលទី៣ (២០១៣-២០១៨)
  • ដំណាក់កាលទី៤ (២០១៨-២០២៣)

សរុបសេចក្ដីមក ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៦ កម្ពុជាមានការអភិវឌ្ឈគួរអោយកត់សម្គាល់។ កម្ពុជាបានបញ្ចូលសម្បត្តិវប្បធម៌ជាច្រើនជាបេតិកភ័ណ្ឌពិភពលោកដូចជា

  • រមណីយដ្ឋានអង្គរ (១៤ ធ្នូ ១៩៩២)
  • របាំព្រះរាជទ្រព្យ (៧ វិច្ឆិកា ២០០៣)
  • ល្ខោនស្រមោលស្បែកធំ (២៥ វិច្ឆិកា ២០០៥)
  • រមណីដ្ឋានប្រាសាទព្រះវិហារ (៧ កក្កដា ២០០៨)
  • ចាប៉ីដងវែង (៣០ វិច្ឆិកា ២០១៦)
  • និង តំបន់ប្រាសាទសំបូរព្រៃគុក (៨ កក្កដា ២០១៧)

ក្នុងទសវត្សន៍ឆ្នាំ១៩៩០ ប្រទេសកម្ពជាជាប្រទេសដែលមានប្រាក់ចំណូលទាប (២៦៨ដុល្លាក្នុងម្នាក់ក្នុងមួយឆ្នាំ)។ នៅឆ្នាំ២០១៦ កម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាមប្រមាណ (១២២៨ដុល្លាក្នុងម្នាក់ក្នុងមួយឆ្នាំ)។ កម្ពុជាមានបំណងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យមខ្ពស់នៅឆ្នាំ២០៣០ និង ក្លាយទៅជាប្រទេសអភិវឌ្ឈនៅឆ្នាំ២០៥០។ ក៏ប៉ុន្តែគ្រប់ដំណាក់កាលនៃឈានទៅសម្រេចបាននូវការអភិវឌ្ឈនេះគឺសុទ្ធតែមានបញ្ហាប្រឈមថ្មីៗ។

 

ដកស្រង់ចេញពីសៀវភៅប្រវត្តិវិទ្យារបស់ក្រសួងអប់រំយុវជន និង កីឡា

Facebook Comments

អត្ថបទពេញនិយម