Type to search

បច្ចេកវិទ្យា

Los Angeles Auto Show 2018 រថយន្តសុទ្ធតែកប់ៗ

Share

Los Angeles Auto Show គឺជាកម្មវិធីតាំងបង្ហាញរថយន្តមកពីជុំវិញពិភពលោកដ៏ធំមួយ ដោយបានធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ1907 ដែលលើកដំបូងមានរថយន្តចូលរួមចំនួនត្រឹមតែ 99គ្រឿងតែប៉ុណ្ណោះ។ កម្មវិធីតាំងបង្ហាញរថយន្តដ៏ធំនេះ តែងតែធ្វើឡើងនៅរៀងរាល់ដើមខែធ្នូ ដោយឆ្នាំនេះគេបានជ្រើសរើសការតាំងបង្ហាញចាប់ពីថ្ងៃទី30 ខែវិច្ឆិកា រហូតដល់ថ្ងៃទី09 ខែធ្នូ 2018 នៅ មជ្ឈមណ្ឌលសន្និបាត LA ។

 

នៅក្នុងឆ្នាំនេះ Los Angeles Auto Show មានរថយន្តចំនួន 1,000គ្រឿងដើម្បីបង្អួតសម្រស់ និងកម្លាំងរបស់ខ្លួន។ សម្រាប់ការតាំងបង្ហាញនេះគឺលោកអ្នកអាចដើរទិញរថយន្ត សាកល្បងរថយន្ត ស្គាល់នូវបច្ចេកវិទ្យាថ្មីៗដែលបានបំពាក់នៅក្នុងរថយន្ត ថែមទាំងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនទៀតផងដែរ។

សម្រាប់រថយន្តដែលបានចូលរួមបង្ហាញមានច្រើនប្រភេទណាស់ ប៉ុន្តែគេចាប់អារម្មណ៍ និងទន្ទឹងរង់ចាំមើល រថយន្ដប្រភេទ SUV ដូចជា BMW X7, Lincoln Aviato 2020, Palisade កៅអី3ជួរ ស៊េរីថ្មីរបស់ក្រុមហ៊ុន Hyundai, Honda Passport, Jeep Gladiator 2020, Range Rover Evoque ជំនាន់ទី2 និង Lexus LX Expiration Series ដែលមានតែចំនួន 500 គ្រឿងប៉ុណ្ណោះ។

មិនមែនមានតែប្រភេទ SUV ប៉ុណ្ណោះទេ LA Auto Show ក៏មានបង្ហាញនូវរថយន្តប្រភេទដំណើរដំណើរកំសាន្តដែលមានការចាប់អារម្មណ៍នោះគឺ Mazda3,  Toyota Corolla Hybrid, BMW M340i និងម៉ូដែល Genesis G90 និង Nissan Maxima ផងដែរ។

រថយន្តប្រភេទស្ព័រក៏ត្រូវបានដាក់បង្ហាញផងដែរដោយក្រុមហ៊ុន BMW បាននាំយកនូវប្រភេទ 8-Series Convertible និង Z4 របស់ខ្លួន ហើយ Audi ក៏បានបង្ហាញនូវការរចនាឡើងថ្មីគឺ R8 ប៉ុន្តែតាមការប៉ាន់ស្មានតារាដ៏ធំបំផុតនៅក្នុងឆ្នាំនេះ របស់ពួកគេទាំងអស់គួរតែជាជំនាន់ក្រោយនៃស៊េរី Porsche 911 របស់ក្រុមហ៊ុន Porsche។

គេឃើញមានក្រុមហ៊ុនចំនួន 39 ដែលបានចូលរួមដាក់បង្ហាញរថយន្តរបស់ខ្លួន ប៉ុន្តែគេមិនបានឃើញក្រុមហ៊ុនយក្សមួយចំនួនដូចជា Ferrari, Lamborghini និង Bughatti ចូលរួមដើម្បីដាក់បង្ហាញរថយន្តរបស់ខ្លួនឡើយ។ សម្រាប់តម្លៃសំបុត្រចូលទស្សនាធម្មតាមានចាប់ពី 5$ ដល់ 15$ ដោយគិតតាមអាយុរបស់លោកអ្នក ប៉ុន្តែក៏មានតម្លៃខ្ពស់បំផុតរហូតដល់ទៅ 85$ ដោយមានអ្នកនាំផ្លូវ និងធ្វើបទបង្ហាញផងដែរ៕

តោះអ្នកស្រលាញ់រថយន្តទាំងអស់ទៅ Los Angeles ជាមួយពួកខ្ញុំអត់?

 

អត្ថបទ៖ សុធា

 

Facebook Comments

អត្ថបទពេញនិយម