Type to search

បច្ចេកវិទ្យា

ច្បាស់៦ចំនុចនេះ ដើម្បីកុំអោយខាតបង់ មុនទិញទំនិញអនឡាញ(Online)

Share

ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាមានចរន្តនៃការទិញដូរតាមរយៈ អនឡាញ (Online) ទាំងក្នុងស្រុក និងពីក្រៅស្រុកតាមរយៈ គេហៈទំព័រផ្សេងៗ មានច្រើនសន្ធឹកសន្ធាប់។ ការកម្ម៉ង់ទំនិញក្នុងស្រុក មិនសូវជាបញ្ហាចោទឡើយ ដោយសារតែភាគច្រើន ប្រជាជនយើងសុទ្ធតែធ្លាប់បានដឹងហើយ។ ដោយឡែកការទិញទំនិញពីក្រៅស្រុក ហាក់បីដូចជា នៅមានកម្រិតនៅឡើយ។

ដោយសារតែកត្តាមួយចំនួនដូចខាងក្រោម៖

  • គ្មានទំនុកចិត្ត ទៅលើអ្នកលក់ ដោយខ្លាចបង់ប្រាក់ហើយ មិនទទួលបានទំនិញ
  • ខ្លាចទំនិញជាក់ស្តែង ខុសពីទម្រង់ដែលឃើញតាមវេបសាយ
  • មិនយល់ច្បាស់ពី ការចាយប្រាក់តាម ទម្រង់អេឡិចត្រូនិច (E-payment)
  • និងកត្តាផ្សេងៗទៀត….

ដូច្នេះហើយ ខ្មែរដឹង សូមលើកយកចំនុចមួយចំនួនដែលអ្នកគួរតែយល់ដឹង មុននឹងធ្វើការបញ្ជាទិញទំនិញតាមអ៊ិនធឺណែត ដើម្បីបញ្ជៀសការចាញ់បោកពីសំណាក់ជនខិលខូច ក៏ដូចជាកុំអោយមានការខកចិត្តផ្សេងៗកើតឡើងផងដែរ ។

១. ទិញតាមវេបសាយ ដែលស្តង់ដារ

ជៀសវាង ការទិញតាមវេបសាយដែលអ្នកមិនស្គាល់ ឬតាមការ Search ពី Google ។ ពេលដែលវាយ អាស័យដ្ឋានចូរពិនិត្យអោយច្បាស់ នូវ Domain របស់វេបសាយ ព្រោះមានវេបសាយមួយចំនួនព្យាយាមបន្លំខ្លួន ដោយដាក់ Domain ស្រដៀងគ្នាទៅនឹង វេបសាយដើម ដូចជា(www.amazon.com )  ដោយប្តូរ ទៅជា (www.amazon.net ) ជាដើម។

២. មើលសញ្ញាសុវត្ថិភាព នៅជិត (Link or https://…)

សូមពិនិត្យទីតាំងវាយអាស័យដ្ឋានវេបសាយ( web address) ថាតើមានសញ្ញា រូបកូនសោរ (secured icon) ឬក៏ពាក្យ Secure ដែរឬអត់? ប្រសិនបើគ្មាន មានន័យថាវេបសាយនោះ មានប្រព័ន្ធសុវត្ថិភាពខ្សោយ ដែលងាយស្រួលអោយជនខិលខូច (Hacker) អាចបន្លំយកទិន្នន័យ ធនាគាររបស់អ្នកបាន។

៣. កុំផ្តល់ព័ត៌មានរបស់អ្នកទៅអ្នកលក់ក្រៅពីអាស័យដ្ឋាន និងលេខទូរស័ព្ទ

ជាកិច្ចការពារមួយ ដើម្បីបញ្ចៀសការហែកចូលគណនីផ្សេងៗរបស់អ្នកបាន សូមកុំផ្តល់ព័ត៌មានដូចជា អាយុ ថ្ងៃខែឆ្នាំកំណើត ជាដើម ព្រោះពេលដែលបានទិន្នន័យទាំងនេះ ពួកគេអាចប្រើប្រាស់ទិន្នន័យដែលទទួលបានពីអ្នកនេះ យកទៅធ្វើរឿងជាច្រើន ដូចជាហែកចូលគណនីធនាគារអ្នកជាដើម។

៤. ឧស្សាហ៍ឆែកមើលបញ្ជីចំណូលចំណាយលើ (Check statement of transaction)

ប្រសិនបើអ្នកទិញទំនិញតាមអនឡាញច្រើន អ្នកប្រហែលជាចាំមិនអស់ទេថាអ្នកទិញអ្វីខ្លះ ខ្ទង់ចំណាយប៉ុន្មាននោះទេ ដូច្នេះហើយទាមទារអោយអ្នកឧស្សាហ៍ឆែកមើល អោយបានញឹកញាប់ ព្រោះថា ក្នុងករណីដែលទឹកប្រាក់របស់អ្នកបាត់ដោយមិនប្រក្រតី អ្នកអាចស្នើរត្រលប់មកវិញក្នុងរយៈពេល ៣០ ថ្ងៃ ។

៥. ប្រើកម្មវិធីកំចាត់មេរោគលើកុំព្យូទ័ររបស់អ្នក

ដើម្បីបញ្ជៀសពីការបង្កប់ខ្លួននៃ មេរោគ (Trojan) សូមប្រើប្រាស់កម្មវិធីមេរោគ ព្រោះថាជនខិលខូចមួយចំនួនបាន បង្កប់ខ្លួនក្នុងកម្មវិធី Crack ដែលអ្នកដំឡើងលើកុំព្យូទ័ររបស់អ្នក វាសម្ងំចាំចាប់យកទិន្នន័យរបស់អ្នកយ៉ាងស្ងៀមស្ងាត់បំផុត។

៦. ពង្រឹងលេខសំងាត់ (password) របស់អ្នកអោយខ្លាំង

លេខសំងាត់សំខាន់បំផុត សម្រាប់ប្រព័ន្ធសុវត្ថិភាព ប្រសិនបើវាងាយស្រួលទាយ ក៏មានន័យថាអ្នកស្ថិតក្នុងហានិភ័យខ្ពស់។ ដូច្នេះសូមពង្រឹង លេខសំងាត់ លើគណនីផ្សេងៗ ដូចជា Paypal ឬគណនីផ្សេងៗ ទាំងឡាយណាដែលទាក់ទងនឹង ប្រាក់កាក់របស់លោកអ្នក ដោយយោងតាមល័ក្ខខណ្ឌខាងក្រោម៖

  • មានប្រើលេខលាយអក្សរ
  • មានប្រើអក្សរធំ លាយអក្សរតូច
  • មានលាយសញ្ញាពិសេស
  • ប្រើចាប់ពី៦ខ្ទង់លើងទៅ

ឧទាហរណ៍៖ Kh3rdeng@123

ប្រែសម្រួលដោយ៖ ឡង់ឌី

Facebook Comments