Type to search

សុខភាពនិងសម្រស់

ចំណុចគួរប្រុងប្រយ័ត្ន ចំពោះកុមារដែលប្រឈមនឹងជម្ងឺរបេងសួត

Share

របេងសួតជាជម្ងឺធ្ងន់ធ្ងរ វាមិនមែនជាជម្ងឺតំណពូជទេ តែវាជាជម្ងឺឆ្លង។ មេរោគរបេង ឈ្មោះបាស៊ីដឺកុក។ ដែលគេនិយមហៅថា បេកា។ មេរោគនេះគឺវាមានទំហំតូចល្អិតក្រៃលែង ដោយគេមិនអាចមើលវាដោយភ្នែកទទេឃើញទេ គឺ ប្រើមីក្រូទស្សន៍ដើម្បីមើលរូបរាងវា។

ជម្ងឺនេះច្រើនប៉ះពាល់លើមនុស្សដែលមានជីវភាព ខ្វះខាត និង អ្នកដែលមិនប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យ។ សរីរាង្គដែលប៉ះខ្លាំងជាងគេគឺសួត តែមិនមែនសរីរាង្គផ្សេងៗមិនមានការប៉ះពាល់នោះទេ គ្រាន់តែសួតគឺចំបងជាង។

របេងសួតជាជម្ងឺឆ្លងតាមផ្លូវដង្ហើម អ្នកដែលកើតជម្ងឺនេះ ពីដំបូង​គ្មានអ្វីប្លែកទេ វាគ្រាន់តែធ្វើអោយឆាប់ហេវហត់ ជាងធម្មតា ទទួលទានមិនសូវបាន គ្រុនក្ដៅនៅពេលល្ងាច នឹង បែកញើសនៅពេលយប់។ ពេលដែលមេរោគនេះ​ស៊ីសួត ហើយបង្កើតបានជារន្ធ អ្នកជម្ងឺក្ដៅខ្លួនជាប់ ស្រកទម្ងន់ ស្គមស្គាំង  ក្អកស្ងួត។ នៅពេលណាមួយនោះ ក្អកធ្លាក់ឈាម។ គ្មានការព្យាបាល អ្នកជម្ងឺ នឹង ស្លាប់ដោយប្រដាប់ដង្ហើម ធ្វើការមិនធម្មតា។

របៀបចម្លង

របេងជាជម្ងឺឆ្លងខ្លាំងណាស់ ជាធម្មតានៅពេលក្អក ឬ កណ្ដាស់ ឬ អ្នកជម្ងឺខាកស្ដោះ នៅចំពោះមុខអ្នកដ៏ទៃ ពេលនោះមេរោគ​បេកា បានផ្សព្វផ្សាយពេញទីនោះ។ មេរោគនោះបានហុច តាមខ្យល់ ទៅចូលក្នុងខ្លួនអ្នកដទៃ ដែលឈរជិតនោះតាមផ្លូវដង្ហើម។ ប្រសិនណាបើពេលក្អក ឬ​ កណ្ដាស់ អ្នកជម្ងឺយកកន្សែងខ្ទប់មាត់ នឹង មិនខាកស្ដោះ ចោលនៅចំពោះមុខអ្នកដទៃនោះ ការឆ្លងនោះមិនកើតមានដែរ។

ការឆ្លងនេះកាន់តែមានសភាពខ្លាំងក្លាចំពោះមនុស្សទាំងអស់ណា ដែលប្រាស្រ័យផ្ទាល់ដោយ ធ្វេសប្រហែស ឬ មានភាពស្និទ្ធស្នាល ដោយខ្វះការប្រុងប្រយ័ត្ន ជាមួយអ្នកជម្ងឺ។ ការស្នាក់នៅ ដេកនៅជាមួយអ្នកជម្ងឺ សុទ្ធតែត្រូវឆ្លងជម្ងឺទាំងអស់។

ពេលទទួលទានអាហាររួមតុ ចានសម្លរួម បើមានសមាជិកណាម្នាក់ នៅក្នុងនោះមានជម្ងឺរបេង សួតក្អក កណ្ដាស់ លក្ខណៈនេះក៏គ្រប់គ្រាន់សម្រាប់ រាលដាលជម្ងឺរបេង ដល់សមាជិកវង់បាយទាំងអស់គ្នា។

ឧទាហរណ៍ ៖ គ្រូបង្រៀនម្នាក់មានជម្ងឺរបេងសួត គាត់ខំស្រែកពន្យល់សិស្ស គាត់ក្អកកណ្ដាស់។ លក្ខណៈនេះក៏គ្រប់គ្រាន់ សម្រាប់ការឆ្លងមេរោគរបេង ដល់សិស្សទាំងអស់ក្នុងថ្នាក់រៀនបាន។

អ្នកជម្ងឺរបេងសួត បានខាកស្ដោះ ចោលពាសវាលពាសកាលលើដី កំហាកមាន បេកា ទាំងនោះស្ងួត ហើយបេកា រស់នៅលាយឡំជាមួយធូលីដី។ ពេលមានខ្យល់ខ្លាំង បេកា ក៏ហុយប៉ើងតាមធូលីដីរួចចូលទៅក្នុងខ្លួន​ អ្នកជា តាមផ្លូវដង្ហើម ហើយក៏បង្កើតជាជម្ងឺរបេងសួត។

វិធីបង្ការ រោគរបេង

១. បំបាត់ មេរោគ បេកា

  • អ្នករបេងសួតត្រូវតែចេះប្រើប្រាស់កូនកន្សែង សម្រាប់ខ្ទប់មាត់ពេលក្អក កណ្ដាស់ ឬ ពេលប្រាស្រ័យទាកទងជាមួយមិត្តភក្តិ​ ឬ ញាណសន្ដាន។
  • មិនត្រូវខាកស្ដោះ ចោលពាសវាលពាសកាល
  • ត្រូវខាកស្ដោះដាក់បន្ថោរ ក្នុងនោះមានទឹក Eau de Javel  ឬ ទឹកកំបោរ សម្រាប់សម្លាប់មេរោគ
  • បើមានការធ្វើដំណើរ អ្នកជម្ងឺរបេងត្រូវតែខាកស្ដោះដាក់ថង់ រួចកប់ថងនោះចោលក្នុងដី ពេលទៅដល់ផ្ទះ
  • អ្នកមានជម្ងឺរបេងគ្រប់ប្រភេទទាំងអស់ ត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវក្នុងរយះពេលកំណត់មួយ តាមបញ្ជាគ្រូពេទ្យ

២. ការពារមជ្ឈដ្ឋានរស់នៅ

  • ត្រូវទទួលទានឲ្យបានគ្រប់គ្រាន់ និង ប្រកាន់ខ្ជាប់នូវអនាម័យ លើចំណីអាហារ និងលំនៅដ្ឋាន។
  • ត្រូវជៀសវាងការបាក់កម្លាំង (ទាំងផ្លូវកាយ ផ្លូវចិត្ត)
  • អ្នកផឹកស្រាក៏ជាប្រភពនៃជម្ងឺរបេង (ត្រូវធ្វើការអប់រំ)
  • ត្រូវហាត់ប្រាណអោយបានញឹកញាប់ ដើម្បីសុខភាព

៣. ការការពារកុមារ

  • ត្រូវបំបែកកូនង៉ែតតាំងពីកើតមកភ្លាម ពីប្រភពចម្លង (បើសិនជាម្ដាយជាអ្នកមានជម្ងឺរបេង)
  • ត្រូវចាក់ថ្នាំបង្ការជម្ងឺរបេងដល់ទារក អោយបានឆាប់បំផុត ដែលអាចធ្វើទៅបាន ក្រោយពេលកើតភ្លាម
  • កុមារធំៗ (មុនចូលសាលារៀន) ត្រូវធ្វើតេស្ត I.D.R។
  • ប្រភេទកុមារ (ព្រមទាំងសមាជិកគ្រួសារទាំងអស់) ដែលរស់នៅជាមួយអ្នកជម្ងឺរបេងសួត ត្រូវយកចិត្តទុកដាក់តាមដានអោយបានម៉ត់ចត់។ បើថតសួតទៅឃើញមានរោគសញ្ញាគ្រប់គ្រាន់ នiង​ សន្មត់ថា កុមាររូបនោះកើតជម្ងឺរបេង គេត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវ ហើយតាមរយះកាលកំណត់របស់គ្រូពេទ្យ។
  • គួរបង្ករលក្ខណៈឲ្យកុមារបានដើរកំសាន្ដ យកខ្យល់អាកាសបរិសុទ្ធ៕

 

អត្ថបទ៖ សាវឌី

 

Facebook Comments

អត្ថបទពេញនិយម